ជំនឿ និង ហោរាសាស្ត្រ

ហោរាសាស្រ្ត​ប្រចាំ​ថ្ងៃ​ស្អែក ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១៧


សូមជូនហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃ​អង្គារ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៧៖

ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​បំពេញ​កិច្ច​ការងារ​អ្វីមួយ​គឺ​មិន​អាច​ធ្វេសប្រហែស​ឬ​ធ្វើ​ទាំង​មិន​ស្វែងរក​ភាព​រីក​ចម្រើន​បាន​ឡើយ​បើ​ពុំនោះ​ទេ​ដំណើរ​ជីវិត​លោកអ្នក​នឹង​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​ណាមួយ​ជាក់​ជាពុំខាន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សំបូរ​ក្រុម​មនុស្ស​បោកប្រាស់​ច្រើន​ឯការ​ជួញ​ជិត​ការរក​ចំណូល​ជួប​ផល​លំបាក​បន្តិច​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំឆ្លូវ ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​សំខាន់​ឡើយ ពីព្រោះ​ថា​ផល​មិនល្អ​តែង​ងាយ​កើតឡើង​ផង​។​ក្នុង​អំឡុង​ពេល​នេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​សន្សំ​ប្រាក់កាស​ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ត្រូវ​អ្នក​ដទៃ​ដណ្តើម​យក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសឧត្តរ​បន្តិច​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​ជាង​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការឆាប់​ទាំង​ប្រេះឆា​ហើយ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់​ប្រសើរ​គួរសម​ម្ល៉ោះហើបើ​ចង់​ផ្តើមធ្វើ​អ្វី​មួយ​អាច​សម្រុក​ពេញទី​បាន​ហើយ​ព្រោះ​ថា​ផល​ល្អ​នៅ​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​នោះ​មាន​លក្ខណៈ​ពេញដៃពេញជើង​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ទៀត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការ​រក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​ ចំណែកឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​គិតថា​សេចក្តីស្នេហា​មាន​លំនឹង​ហើយ​អាច​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​បំផត​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ​នឹង​ទោះ​ធ្វើ​អ្វី​តែង​ហុច​ផល​មកវិញ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​ពេល​វេលា​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​គឺ​ម៉ោង​២,០០​ ទៅ ​៤,៥៩​នាទី​ រសៀល​ ហើយ​បើ​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទី​កន្លែង​លក់ដូរ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​ព្រោះថា​អាច​ឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល​នោះ​ផល​ល្អ​នឹង​ហុច​ឱ្យ​មក​វិញ​ដូចជា​ទី​គាប់​បំណង​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោក​អ្នក​ត្រូវធ្វើ​ថ្នាក់​ធន​កណ្តាល​ឬ​មិន​សំខាន់​ពេក​ព្រោះថា​បើ​ធ្វើ​ធំ​ពេក​ឬ​សំខាន់​ខ្លាំង​ផ្លែផ្កា​ដែល​ហុច​មក​វិញ​មិន​សូវ​ដូច​គាប់​បំណង​នោះឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ក​រឿង​ដោយ​ប្រការ​ណាមួយ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការប្រឆាំង​គ្នា​មាន​ច្រើន​ជាង​សព្វមួយដង​៕

ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ការ​ប្រកបការងារ​មាន​ភាព​ប្រទាំង​ប្រទើស​និង​ក្រុម​មនុស្ស​បង្ក​ផល​លំបាក​ច្រើន​ដូច្នេះ​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាកៗ​ទាំងនេះ​ទៅ​រួច​។​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​មាន​ភាព​សុខ​ដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​អស់ៗ​ពី​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​គួរសម​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការប្រឆាំង​គ្នា​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់​ដូចនេះ​ជា​ឱកាស​ល្អ​ច្រើន​សម្រាប់​លោក​អ្នក​ពង្រីក​ការងារ​អ្វីមួយ​ពីព្រោះ​តែង​ហុច​ផល​ល្អៗ​ចូល​មក​ច្រើនជាង​អាក្រក់​។​ចំពោះ​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើទោះបី​កិច្ចការ​មមាញឹក​ក៏ដោយ​តែ​ក៏​មាន​សំណាង​មក​វិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។​ក្នុង​ពេល​នេះ​ដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម​ដូច​នេះ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មក​វិញ​ឃើញ​ថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផង​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែល​នាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​ការប្រកប​កិច្ច​ការងារ​បើ​លោក​អ្នក​មាន​ការពុះពារ​និង​ខិតខំ​ប្រឹងប្រែង​នោះ​តែង​សម្រេច​ជោគជ័យ​ត្រឡប់​មក​វិញ​ផង​ដែរ​។​ការរស់នៅ​វិញ លោក​អ្នក​មិន​គប្បី​ចាប់​កំហុស ឬ​រិះគន់​អ្នក​ដ​ ​ទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំគួន​ហើយ​ជួបផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាចនិយាយបាន​ថា​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​បង្ករឿង​ឥត​ហេតុផល​ច្រើន​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​៕

ឆ្នាំវក រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជិវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ហេតុ​នេះ​បើ​ឃើញ​ស្ថានការណ៍​ណាមួយ​មិន​ល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​ហើយ​ដាច់ខាត​មិន​ត្រូវ​ធ្វើ​ចេះ​ដឹង​រឿង​អ្នកដទៃ​ពេក​ឡើយ​មិន​ដូច្នេះ​ប្រយ័ត្ន​បាន​គ្រោះភ័យ​មកវិញ​។​សម្រាប់​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ក្រុម​មនុស្ស​សម្តី​ផ្អែមល្ហែម​តែ​សំបក​ក្រៅ​ប៉ុន្តែ​ខាងក្នុង​ដូច​ផ្លែ​ល្វា​ចាំតែ​ឆ្លៀតឱកាស​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វី​មួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មាន​ការប្រឆាំង​គ្នា​ច្រើន​ទៀតផង​៕

ឆ្នាំរកា រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​មិន​អាច​មើល​រំលង​ពី​បញ្ហា​សុ​វត្តិភាព​បានទេ​ពិសេស​ងាយ​កើត​រឿង​រាវ​ចំបែងចិត្ត​ណាស់​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ធ្វើ​អ្វី​មិន​អាច​លោភលន់​បានដែរ​ត្រូវ​ចេះ​ធ្វើ​ដោយ​ក្តីសន្សឹមៗ​ហើយ គិត​ផលប្រយោជន៍​អ្នកដទៃ​ខ្លះ​ទើប​ការប្រកប​ជំនួញ​គ្មាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​កើតឡើង​ទៅ​រួច​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ទើប​មិន​កម្មក្រាស​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​បំពេញ​ការងា​រ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ​ប៉ុន្តែ​យ៉ាងណា​ប្រាក់កាស​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​តែង​ហូរ​ធ្លាយ​ចេញ​ទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ​សារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ទាំង​នៅ​ផ្ទះសម្បែង​ឬ​នៅ​ផ្នែក​ខាងក្រៅ​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​គឺ​ជារឿយៗ​ពុំ​សូវ​ដំណើរការ​បាន​ស្រួល​ទេ​ព្រោះ​តែង​មាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​សូវ​ល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន​ជាង​គូព្រេង​៕



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.