សូមជូនហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរម្ល៉ោះហើយធ្វើអ្វីក៏មានភាពស្រស់ស្រាយនិងមានការជឿនលឿនគួរសមផង។សម្រាប់បញ្ហាការងារនិងបញ្ហាប្រាក់កាស់ក៏រំសាយនូវភាពតានតឹងនិងមានជោគលាភច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេផលមិនល្អងាយកើតឡើងនាំជួបការលំបាកទាំងខ្លួនឯងនិងក្រុមគ្រួសារថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេច្រើនខកបំណងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសមម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផត៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរដិបរដុបច្រើនដូច្នេះទោះប្រកបការងារតូចធំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាបញ្ហាអាក្រក់ៗនោះតែងតាមជាប់ជានិច្ច។សម្រាប់លោកអ្នកជាកម្មករឬប្រកបការងារជាបុគ្គលិកក្រុមហ៊ុនឯកជនក្តីចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួននាំឱ្យជួបផលលំបាកនៅគ្រាក្រោយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួន\និងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារឬទំនាក់ទំនងចរចាបញ្ហាអ្វីមួយពីព្រោះថាផលល្អមាននៅចំពោះមុខជានិច្ច។នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់ផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយបើលោកអ្នកចង់ពឹងពាក់អ្នកដទៃឱ្យជួយអ្វីមួយក៏តែងគេអាណិតស្រឡាញ់ជួយចូកជួយចែវឱ្យផុតការលំបាកផង។ រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងពីបញ្ហាចរាចរបន្តិចពីព្រោះងាយទទួលរងប៉ះទង្គិចណាស់ផង។ក្រៅពីបញ្ហាចរាចរលោកអ្នកក៏តោងតែប្រយ័ត្នបញ្ហាអាក្រក់យាយីនិងបញ្ហាសុខភាពដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការរកស៊ីជួញដូរនិងទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផ្លែផ្លាតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយតែងមានភាពជ្រះស្រឡះនិងមានជោគមានជ័យត្រឡប់មកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសំបកក្រៅប៉ុន្តែខាងក្នុងដូចផ្លែល្វាចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕
ឆ្នាំរកា រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីស្រុតចុះដូចនេះបើចង់ធ្វើអ្វីក៏តែងមិនផ្តល់ផលល្អទេពិសេសងាយកើតជម្លោះវិវាទជាមួយក្រុមមនុស្សទៀតផងគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅក៏ដូច្នេះដែរគឺតែងមានបញ្ហាទំនាស់បន្តិចបន្តួចចូលយាយីដែលនាំឱ្យមើលមុខជាមួយក្រុមមនុស្សមួយចំនួនមិនសូវចំឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេព្រោះលាភហេងច្រើនបោលហួសនិងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗគ្មានសល់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្តូរមកល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់និងបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់ដែរ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះធ្វើអ្វីមានការចម្រើនលូតលាស់ទៅមុខយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយពុំអាចទុកចិត្តក្រុមមនុស្សបានទេពិសេសអតិថិជនជំពាក់ប្រាក់កាសត្រូវតែចេះពិនិត្យសមាសភាពឱ្យបានច្បាស់លាស់បើពុំនោះអាចត្រូវចាញ់បោកគេហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានចិត្តរេព្រោះតែសម្លឹងអ្នកផ្សេងច្រើនម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេប្រយ័ត្នកើតរឿងរាវរកាំរកូសចៀសមិនផុត៕
Copyrighted: Moha Sneha
0 comments:
Post a Comment