១. ជាទំនៀមទម្លាប់តាំងពីបុរាណ
បើតាមការលើកឡើងរបស់សាស្ត្រាចារ្យ សិរី រតនសម្បត្តិ បានលើកឡើងថា ការទស្សន៍ទាយមើលខែឆ្នាំ និងផ្សំពង្សនាគកូនប្រុសស្រីនេះ ជាទំនៀមទម្លាប់តាំងពីយូរអង្វែងណាស់មកហើយ។ សព្វថ្ងៃមិនថាតែនៅ ជនបទ ឬទីក្រុង នៅតែរកគ្រូហោរទស្សន៍ទាយ រកជោគជតារាសីមុនសម្រេចចិត្តឱ្យកូនរៀបការនេះ អាចមកពីហេតុផលគោរពទៅតាមទំនៀមពីបុរាណ។ ប៉ុន្តែជាក់ស្ដែងមិនបានជឿទាំងស្រុងថាល្អ ឬមិនល្អ ទើបអាចរៀបការបាននោះទេ ព្រោះការសម្រេចចិត្តរៀបការ នៅតែអាស្រ័យភាគីទាំងសងខាងដដែល ប្រសិនបើស្រឡាញ់គ្នាពិតប្រាកដមិនអាចបែកគ្នាដោយសារខែឆ្នាំនេះឡើយ។

២. ពូជពង្សវង្សត្រកូល
សាស្ត្រាចារ្យបង្រៀនមុខវិជ្ជា សង្គម និងមនុស្សរូបនេះលើកឡើងបន្ថែមទៀតថា ភាគច្រើនការផ្សំផ្គុំកូនចៅឱ្យរៀបការជាមួយនរណាម្នាក់ តាំងពីសង្គមពីដើម រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរនៅផ្ដោតទៅលើពាក្យទំនៀមមួយថា "ធ្វើស្រែឱ្យមើលស្មៅទុកដាក់កូនចៅឱ្យមើលផៅសន្ដាន"។ ប្រសិនបើពូជពង្សល្អ គំនិតមារយាទល្អ វ័យឆ្លាតក្នុងការរកស៊ី ស្លូតបូតស្មោះត្រង់ហើយនោះ ទោះខែឆ្នាំមិនល្អ ក៏មិនជាបញ្ហាអ្វីឡើយ។
៣. ការឱ្យតម្លៃផ្សេងក្រៅពីខែឆ្នាំមិនអាចកាត់ថ្លៃបាន
គុណតម្លៃជាច្រើនក្រៅពីខែឆ្នាំ គឺ មើលទៅលើពូជពង្ស មើលទៅលើចរិតលក្ខណៈ សីលធម៌ សុភាពរាបសា ហើយក៏គួបផ្សំនឹងការមើលខែឆ្នាំទៀតផងដែរ។ ក្នុងករណីពេញចិត្តនឹងគុណសម្បត្តិសាមីជនហើយនោះ ទោះខែឆ្នាំ ល្អតែ ៥០% ក៏គេមិនរាថយដែរ។
៤. ការទស្សន៍ទាយជាទស្សនៈបែបពិសោធន៍និយម
ពង្ស ធាតុ ខែ ឆ្នាំកំណើត កូនប្រុសស្រី និងការទស្សន៍ទាយតាមបែបក្បួនហោរាសាស្ត្រ គឺជាទស្សនៈបែបពិសោធន៍និយម ឬចំណាំនិយម សម្រេចយកតួលេខភាគច្រើន។ដូច្នេះមិនអាចទទួលស្គាល់ទាំងស្រុងលើជើងលេខនោះឡើយ។ តាមការសង្កេតផ្ទាល់ក្នុងសង្គមខ្មែរ គេតែងឃើញថា៖

-@គូខ្លះផ្សំផ្គុំធាតុពង្សត្រូវល្អហើយ ប៉ុន្តែបែរជាមានជីវភាពក្រីក្រ តោកយ៉ាក ជួនកាលឈ្លោះទាស់ទែងដល់ថ្នាក់លែងលះគ្នាក៏មាន។
-@ជួនកាលជីវិតប្ដីប្រពន្ធក៏រីកដុះដាល ចម្រុងចម្រើន ធូរធារ ដូចក្នុងទំនាយ ជួនកាលក៏អត់។
-@ប្ដីប្រពន្ធខ្លះសម្ពង្សធាតុមិនត្រូវគ្នា ឬក៏មិនបានរកគ្រូទស្សន៍ទាយផង តែរស់នៅជាមួយគ្នាបានសុខសាន្ត សុខដុមរមនា ល្អូកល្អើនដល់ចាស់កោងខ្នង៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភពពី៖ Sabay
0 comments:
Post a Comment