ថ្ងៃនេះយើងនឹងបង្ហាញមុខមនុស្សម្នាក់ ដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានស្គាល់ពីមុនមក ហើយក៏ប្រហែលជាឆ្ងល់ណាស់ដែរថា គេជាមនុស្សបែបណា?
មនុស្សម្នាក់នោះ ពោរពេញដោយកម្លាំងមាំមួន គេតែងតែញញឹមគ្រប់ពេលទោះបីជាមានទុក្ខលំបាកខ្លះក៏ដោយ។ គេគោរពពេលវេលាបានល្អ ហើយព្យាយាមធ្វើរឿងរ៉ាវសព្វបែបយ៉ាង ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន។ មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តគេ ព្រោះតែការចេះជួបយកអាសារអ្នកដទៃ មិនចេះច្រណែនឈ្នានីស និងមិនប្រព្រឹត្តអំពើអាក្រក់ផ្សេងៗតាមកាយ វាចា និងចិត្ត។ ម្នាក់នោះ មិនធ្វើឲ្យឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិរបស់គេពិបាកចិត្តឡើយ។ អ្វីដែលសំខាន់បំផុតនោះ គឹគេអាចជួយមនុស្សគ្រប់គ្នាបាន ទោះបីមានរឿងរ៉ាវអ្វីកើតឡើងក៏ដោយ។
តើគេជានរណាទៅ?
គ្មាននរណាក្រៅពីខ្លួនអ្នកឡើយ។ គេជាអ្នកតែម្ដង។ នៅលើលោកនេះ គ្មាននរណាម្នាក់ អាចជួយឲ្យអ្នករួចពីភាពលំបាកយ៉ាប់យឺនក្រៅពីអ្នកឡើយ។ គ្រូពេទ្យ មិនអាចព្យាបាលអ្នកជម្ងឺណាម្នាក់ឲ្យជាសះស្បើយបានឡើយ ប្រសិនបើអ្នកជម្ងឺម្នាក់នោះ មិនចង់ជា ឬព្យាយាមផឹកថ្នាំ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ សិស្សមិនអាចទទួលបានចំណេះដឹងពីលោកគ្រូអ្នកគ្រូរបស់ខ្លួនបានជាដាច់ខាត ប្រសិនបើគេមិនព្រមស្ដាប់គ្រូពន្យល់ ឬមេរៀនផ្សេងៗដែលគ្រូបានបង្រៀន ទោះបីជាគ្រូចង់ឲ្យសិស្សចេះយ៉ាងណាក៏ដោយ ក៏មិនអាចដែរ។
អ្វីៗទាំងអស់ គឺត្រូវផ្ដើមចេញពីអ្នកតែម្ដង។ អ្នកអាចធ្វើរឿងរ៉ាវគ្រប់យ៉ាងដោយខ្លួនឯង ប្រសិនបើអ្នកចង់ ហើយព្យាយាមធ្វើវាឲ្យបានសម្រេច ដោយមិនរាថយ មិនបោះបង់នូវសេចក្ដីព្យាយាមទាំងអស់ចោល៕
0 comments:
Post a Comment