សត្វពស់ ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វល្មូនដ៏សាហាវមួយប្រភេទ ដែលស៊ីសាច់ឆៅជាអាហារ។ នៅក្នុងភ្នែកមនុស្សគ្រប់គ្នា សត្វពស់តែងតែត្រូវបានគេចាត់ទុកថា ជាសត្វដ៏អាក្រក់បំផុតមួយ ដល់មែនទែនទៅ សូម្បីតែក្នុងរឿងព្រេងនិទានផ្សេងៗ ក៏គេយកសត្វពស់ ធ្វើជាតួអង្គតំណាងមនុស្សអាក្រក់ដែរ។
ផ្ទុយពីហេតុផលទាំងអស់នេះ យើងនឹងលើកយកចំណុចល្អមួយចំនួន របស់សត្វពស់ ដែលអាចធ្វើការប្រៀបធៀបមក ក្នុងជីវិតរស់នៅរបស់មនុស្សយើងវិញ។ ចំណុចទាំងអស់នេះ អ្នកគ្រប់គ្នាគួរតែមាន ប្រសិនបើចង់ជោគជ័យនៅក្នុងជីវិត។
- ត្រូវចេះបត់បែនតាមកាលៈទេសៈ ៖ ពស់ គឺជាសត្វល្មូនដែលអាចបត់បែនខ្លួនវាបានគ្រប់ស្ថានការណ៍ និងគ្រប់ទីកន្លែង។ មនុស្សយើងក៏មិនខុសគ្នាដែរ។ អ្នកត្រូវចេះបត់បែនតាមកាលៈទេសៈមួយចំនួន ដើម្បីអាចឈានទៅដល់គោលដៅដែលខ្លួនចង់បាន។
- ចិត្តដាច់ ៖ សត្វពស់ គ្មានមនោសញ្ចេតនានោះទេ។ ប៉ុន្តែមនុស្ស គឺមាននោសញ្ចេតនា។ តែត្រូវចាំថា ពេលខ្លះ អ្នកត្រូវតែចិត្តដាច់ ទុកមនោសញ្ចេត មួយឡែកសិន ហើយអនុវត្តអ្វីដែលខ្លួនចង់ធ្វើ។
- ក្លាហាន ៖ ពស់ជាសត្វដែលក្លាហានបំផុត។ សេចក្ដីក្លាហាននេះហើយ ទើបធ្វើឲ្យវាអាចយកឈ្នះសត្រូវរបស់វាបានយ៉ាងងាយស្រួល។ សេចក្ដីក្លាហាន ជារបស់ម្យ៉ាងដែលសំខាន់ និងចាំបាច់បំផុតសម្រាប់អ្នករាល់គ្នា។ ដូច្នេះហើយ ធ្វើយ៉ាងណា ត្រូវក្លាហានជានិច្ច។
- មិនចុះចាញ់ ៖ ពស់ជាសត្វដែលស៊ូទ្រាំនឹងឧបសគ្គនានា។ ភាពអត់ធ្មត់ និងការតស៊ូនេះហើយ ដែលធ្វើឲ្យយើងម្នាក់ៗអាចសម្រេចគោលដៅបាន។
- មានពិស ៖ សត្វពស់ តែងមានធ្មេញ និង ពិស ដែលជារបស់ការពារខ្លួនវា។ បើប្រៀបធៀបទៅនឹងមនុស្សយើងវិញក៏ដូចគ្នា។ មនុស្សគ្មានពិស គ្មានអាវុធអ្វីទេ តែមនុស្សត្រូវមានជំនាញ សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង។ ក្រៅពីជំនាញ យើងត្រូវមានប្រាជ្ញា ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងចំពោះមុខ។ ប្រាជ្ញា គឺជាអាវុធ ដ៏សាហាវបំផុត៕
0 comments:
Post a Comment