#១. ប្រាកដថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាល្អ
ប្រសិនបើអ្នកនិងដៃគូរបស់អ្នកកំពុងគិតគូរពីការមានកូន, អ្នកទាំងពីរត្រូវប្រាកដថាបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយគ្នាបង្កើតទំនាក់ទំនងដ៏រឹងមាំមួយជាមុនសិន។ បើអ្នកគិតថាការមានកូនគឺដើម្បីរក្សានូវទំនាក់ទំនងរបស់អ្នកជាមួយនឹងដៃគូ, សូមគិតម្តងទៀត។ អ្នកត្រូវចេះស្រាយរាល់ចំណងដែលកើតមានឡើងក្នុងទំនាក់ទំនងរបស់អ្នក ព្រោះនៅពេលដែលអ្នកមានកូន អ្នកទាមទារឲ្យចេះដោះស្រាយរាល់បញ្ហា និងពូកែខាងសម្របសម្រួល។

#២. សំរេចគោលដៅសិន
អ្នក និងដៃគូគួរពិចារណាថា តើអ្នកបានសម្រេចគោលដៅរបស់ខ្លួនឬនៅ? អ្នកគួរសួរខ្លួនឯងថា តើអ្នកបញ្ចប់ការសិក្សាឬនៅ មានអាជីពមួយឬនៅ ឬសំរេចគោលដៅសង្គមណាមួយបានឬនៅ? ដោយសារតែ ធនធានរបស់អ្នក នឹងមានកំណត់ នៅពេលដែលអ្នកមានកូនថែមម្នាក់ទៀត។
#៣. បញ្ហាហិរញ្ញវត្ថុ
តើអ្នកអាចមានលទ្ធភាពចិញ្ចឹមកូនដែរឬទេ? អ្នកត្រូវពិចារណាពីចំណាយជាច្រើនសំរាប់កូនរបស់អ្នកដូចជា គ្រែ, រទេះរុញ និងក្រណាត់កន្ទប ឬត្រូវជួលអ្នកមើលថែក្មេង ពេលអ្នកត្រូវទៅធ្វើការ ឬត្រូវទិញរថយន្តឲ្យធំ ដើម្បីផាសុខភាពកូន។ ជួនកាលអ្នកត្រូវគិតដល់ ការទិញធានារ៉ាប់រងអាយុជីវិតអោយកូនៗ, សន្សំប្រាក់សំរាប់បង់ថ្លៃសិក្សាសាកលវិទ្យាល័យ, រៀបចំមរតកទុក -ល-។

#៤. ត្រៀមខ្លួនផ្លាស់ប្តូររបៀបរស់នៅ
ជាធម្មតា គូស្វាមីភរិយាជាច្រើនដែលមានបុត្រ គឺសុទ្ធតែត្រូវទទួលខុសត្រូវលើការងារផង លើកូនផង និងលើការងារផ្ទះសំបែងផង។ ដោយសារតែ ការរស់នៅមានសភាពរវល់បែបនេះ ទើបបណ្តាលអោយពេលខ្លះ ភ្លេចយកចិត្ដទុកដាក់លើខ្លួនឯង និងមិនបានបង្កើនទំនាក់ទំនងប្តីប្រពន្ធទៀតផង។
#៥. ប៉ះពាល់អាជីពការងារ
ប្រសិនបើអ្នកត្រូវធ្វើការនៅតាមបណ្តាប្រទេសនានា ឬកាងារដែលត្រូវឈរច្រើន អ្នកអាចត្រូវតែធ្វើការពិចារណាផ្លាស់ប្តូរគំនិតមានផ្ទៃពោះ ឬគិតអំពីរបៀបដែលអ្នកអាចដោះស្រាយបានដូចជាត្រូវឈប់ពីកាងារមួយរយៈ។ ប៉ុន្តែបើអ្នកធ្វើការងារណាមួយដែលប៉ះពាល់ទៅនឹងសារធាតុគីមី ឬវិទ្យុសកម្មជាញឹកញាប់, ការងារប្រភទនេះអាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកដែលកំពុងនៅក្នុងផ្ទៃ ហេតុនេះ យើងនឹងអាចត្រូវបង្ខំចិត្តឈប់ពីការងារតែម្តង ព្រោះយើងមិនអាចសុំសំរាកពីការងាររយៈពេលយូរពេកនោះទេ។
#៦. គិតពីអាយុ និងសុខភាព
បើត្រឡប់ទៅកាន់សម័យមុន ជំនាន់ជីដូនជីតារបស់យើង, វាមិនមែនជារឿងចម្លែកទេដែលស្រ្តីមានកូនទាំងអាយុពី 40 ទៅ 50 ឆ្នាំ, ប៉ុន្តែសព្វថ្ងៃនេះ មនុស្សស្រីភាគច្រើនបំផុតបញ្ឈប់ការយកកូនក្នុងអាយុចុង 30 ឆ្នាំ ឬដើមអាយុ 40 ឆ្នាំ។ ហេតុអ្វីបានជាមានភាពខុសគ្នាបែបនេះ? ដោយសារតែ សុខភាពម្តាយមានការប្រឈមនឹងហានិភ័យខ្ពស់នៅពេលដែលមានអាយុកាន់តែចាស់។ ប្រសិនបើអ្នកមានអាយុជាង 40 ឆ្នាំ, អ្នកគួរធ្វើការពិភាក្សា ជាមួយគ្រូពេទ្យជាមុនសិន មុនពេលដែលអ្នកសម្រេចចិត្ត ថាតើអ្នកអាចមានផ្ទៃពោះបានឬមិនបាន។ ស្ថានភាពសុខភាពរបស់អ្នក គឺពិតជាចំនុចដ៏សំខាន់បំផុតក្នុងការពិចារណាមុនពេលសំរេចចិត្តមានផ្ទៃពោះ!
#៧. មានជំនួយ
មិនថាអ្នកដើរតួជាម្តាយឪពុកពូកែ ឬល្អប៉ុណ្ណាទេ អ្នកនឹងត្រូវតែត្រូវការជំនួយដើម្បីចិញ្ចឹមបីបាច់ទារកឲ្យបានល្អ។ ឧទាហរណ៍ រឿងសាមញ្ញៗដូចជា ត្រូវរកអ្នកមើលទារកក្នុងពេលដែលអ្នករវល់ម្តងម្កាល ព្រមទាំងបញ្ហាបន្ទាន់ជាច្រើនទៀត។ ហេតុនេះហើយ ទើបយើងត្រូវតែប្រាកដថា យើងមានជំនួយ ដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ខ្លួនឯង និងគ្រួសារ៕
0 comments:
Post a Comment