អ្នកណាខ្លះ ដែលថាមិនដែលចេះ កើតទុក្ខ មិនចេះពិបាកចិត្តនោះ? យើងជឿថា អ្នកប្រាកដជាមានថ្ងៃស៊យ ឬថ្ងៃដែលមិនសប្បាយចិត្ត ពីពេលមួយ ទៅពេលមួយ ដោយមិនអាចចៀសវាងបាន ព្រោះម្នាក់ៗ មិនអាចធ្វើឲ្យខ្លួនឯង អាចរីករាយបានគ្រប់ពេលរហូតនោះទេ។ ដោយសារតែមនុស្សម្នាក់ៗមិនដូចគ្នា ហេតុនេះ របៀបនៃការដោះស្រាយបញ្ហា្ ក៏មានភាពខុសៗគ្នាដែរ។
ប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរកការផ្តល់យោបល់នោះ អ្នកអាចអនុវត្តន៍តាម វិធីសាមញ្ញៗ ខាងក្រោមនេះ ដើម្បីធ្វើឲ្យអារម្មណ៍មានភាពប្រសើរឡើង នៅពេលពិបាកចិត្ត ៖
១. បញ្ចេញអារម្មណ៍តាមការសរសេរ
អ្នកគួរតែមានសៀវភៅកំណត់ហេតុមួយដាក់តាមខ្លួន សម្រាប់សរសេរពេលដែលអ្នកត្រូវការ។ អ្នកអាចរៀបរាប់ពីបញ្ហាប្រឈម ភាពភ័យខ្លាច ការតស៊ូ និងការចងចាំផ្សេងៗ។ តែក៏មានមនុស្សមួយចំនួន ដែលមិនចង់សរសេរនូវ ការតស៊ូ ឬការឈឺចាប់ ឲ្យដិតជាប់នឹងសៀវភៅដែរ។ ហេតុនេះ ប្រសិនជាគិតថា វាជាការចងចាំមិនល្អ អ្នកអាចសរសេររឿងដែលសប្បាយៗ ដើម្បីបំបាត់ទុក្ខសោកវិញក៏ជាការល្អ។

២. និយាយជាមួយនរណាម្នាក់
អ្នកត្រូវចេះបញ្ចេញ ការឈឺចាប់របស់អ្នកចេញមកក្រៅ។ ការដែលអ្នកចេះនិយាយ ពិភាក្សា ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិណាម្នាក់ អាចជួយអ្នកមិនឲ្យមានភាពឯកាឡើយ។ ប្រសិនបើជារឿងឯកជន អ្នកអាចនិយាយជាមួយ សត្វចិញ្ចឹមរបស់អ្នកក៏បាន! យ៉ាងហោចណាស់ វាក៏យកចិត្តទុកដាក់ស្តាប់អ្នកនិយាយដែរ។
៣. យំ
វីធីដែលល្អបំផុត ក្នុងការមើលថែខ្លួនឯង គឺបណ្តោយឲ្យអារម្មណ៍របស់អ្នក ទៅតាមការសម្រក់ទឹកភ្នែកខ្លះ។ ការកប់ទុកនូវកំហឹង និងការឈឺចាប់មិនមែន ជាវិធីដែលអាចជួយអ្នកបានទេ។
៤. ដកដង្ហើមវែងៗ
អ្នកអាចធ្វើការដកដង្ហើមតាមច្រមុះឲ្យបានវែងៗ ៨វិនាទី បន្ទាប់មកដកដង្ហើមវែងៗដដែល ៨ វិនាទីដូចគ្នា តាមមាត់វិញម្តង។ ការធ្វើបែបនេះ នឹងបង្កើនសារធាតុអុកស៊ីសែន ទៅកាន់ខួរក្បាល រួចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល បន្ថយសម្ពាធឈាម និងបញ្ឈប់ភាពតានតឹង របស់អ្នកទៀតផង។
៥. ទៅគេង
មនុស្សជាច្រើន នៅពេលមានទុក្ខ ប្រាកដជាមានបញ្ហាគេងមិនលក់ ជាមិនខាន។ រាងកាយរបស់អ្នកក៏ត្រូវការសម្រាកដែរ ដើម្បីសន្សំកម្លាំងឡើងវិញ ហេតុនេះប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ទេនោះ ទាំងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក កាន់តែមានសភាពធ្ងន់ធ្ងរជាមិនខាន។
៦. បង្កើតចំណង់ចំណូលចិត្តផ្ទាល់ខ្លួន
អ្នកអាចទៅ អង្គុយដេរប៉ាក់ ទិញសៀវភៅកម្រង សរសេរកំណត់ហេតុតាមអ៊ិនធឺណេត ឬបង្កើតចំណង់ចំណូលចិត្តជាសកម្មភាពពេលទំនេរ ដោយខ្លួនឯងណាមួយ ដើម្បីអាចនាំភាពរីករាយមកឲ្យអ្នកបាន។
៧. សមាធិ
ការបណ្តោយ ព្រលឹងវិញ្ញាណរបស់អ្នក ទៅតាមការសមាធិ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក ព្រោះអ្នកនឹងអាចស្វែងយល់ពីតម្លៃ និងជំនឿក្នុងខ្លួនអ្នក ដើម្បីឲ្យកាន់តែមានភាពរឹងមាំ។
៨. អោបនរណាម្នាក់
ការអោបនរណាម្នាក់ ឬគ្រាន់តែកាន់ដៃមនុស្សដែលអ្នកស្រលាញ់ ក៏មានអារម្មណ៍ធូរស្បើយណាស់ទៅហើយ។ អ្នកអាចអោប មិត្តភក្តិរបស់អ្នក ឬគូស្នេហ៍របស់អ្នក ដើម្បីទទួលបាននូវអារម្មណ៍ល្អប្រសើរជាងមុន បានយ៉ាងឆាប់រហ័ស។

៩. ស្តាប់ចម្រៀង
តន្រ្តី ដូចជាគ្រូពេទ្យ ដែលអាចធ្វើឲ្យអ្នកជាសះស្បើយ ពីអារម្មណ៍មិនល្អ ប្រែមកជាអារម្មណ៍ល្អប្រសើរបាន។ វាធ្វើឲ្យអ្នក បាត់នូវអារម្មណ៍ឯកា និងទាញអ្នកឲ្យធ្វើដំណើរតាមផ្លូវចិត្ត ជាមួយអត្ថន័យទៀតផង។
១០. ចេញដើរលេង
ការចេញដើរទៅមើលគេឯង ខាងក្រៅ ជួយឲ្យខួរក្បាលស្រលះល្អ និងជួយបំបាត់នូវគំនិតអវិជ្ជមានចេញ។ ប្រសិនបើអ្នក អាចទៅកន្លែងណាមួយ ដែលមានទេសភាព គឺកាន់តែល្អ។
១១. ទទួលទានភេសជ្ជៈផ្លែឈើ
ជឿទេថា ទឹកក្រូចស្រស់ ក៏អាចជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ និងធ្វើឲ្យមានភាពរស់រវើកឡើងវិញ។ វាមិនត្រឹមតែ ជួយឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លាប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យមានសុខភាពល្អទៀតផង។
១២. ធ្វើម្ហូប
មនុស្សមួយចំនួន ចូលចិត្តបញ្ចេញកំហឹង តាមការញ៉ាំមិនឈប់។ ហេតុនេះកុំចាំតែញ៉ាំ! ការធ្វើម្ហូប គឺដូចជាសកម្មភាព ដែលព្យាបាលអារម្មណ៍មិនល្អ និងជាសកម្មភាពកំសាន្តមួយបែប ក៏ដូចជាបង្ហាញពី ការស្រលាញ់មកលើខ្លួនឯងផងដែរ។
១៣. ហាត់ប្រាណ
អ្នកធ្លាប់បានឮទេថា អរម៉ូន Endorphins នឹងត្រូវបានបញ្ចេញ នៅពេលដែលអ្នកធ្វើលំហាត់ប្រាណ (អរម៉ូន Endorphins ជាអរម៉ូន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានភាពរីករាយ)។ ប្រសិនជាអ្នកអាចទៅ ហាត់យូហ្គា ទៅរត់ ឬដើរជុំវិញផ្ទះ ក៏គ្រប់គ្រាន់សម្រាប់អ្នក ដើម្បីបំបាត់អារម្មណ៍មិនល្អបានដែរ។
១៤. ព្យាយាមសើចឲ្យបានច្រើន
អ្នកអាចមើលវីដេអូកំប្លែង ឬចំណាយពេលជាមួយនរណាម្នាក់ ដែលជាមនុស្សពូកែនិយាយ លេងសើច។ ដឹងទេ ការសើច ជួយកាត់បន្ថយភាពតានតឹង និងជួយព្យាបាលអារម្មណ៍មិនល្អ បានដោយស្វ័យប្រវត្តិ។
១៥. ត្រលប់ទៅកុមារភាព
វិធីសាមញ្ញបំផុតគឺ អ្នកអាច ផ្លុំពពុះសាប៊ូលេង ឬគូររូបផាត់ពណ៌ ដើម្បីបំបាត់ និងបន្ធូរនូវ អារម្មណ៍តានតឹងទាំងឡាយ។ អ្នកគួរបណ្តោយខ្លួនអ្នក ឲ្យត្រលប់ទៅរក សកម្មភាពកុមារភាពវិញ ដើម្បីឲ្យអារម្មណ៍ស្រស់ថ្លា ជាពិសេស វីធីនេះជាវិធីល្អបំផុតសម្រាប់ អ្នកមានជំងឺស្លន់ ជំងឺស្រ្តេស និងអ្នកជំងឺផ្លូវចិត្ត៕
0 comments:
Post a Comment