អ្នកណាក៏ដឹងថាចេកណាំវ៉ាជាផ្លែឈើខ្មែរដែលមានតម្លៃសមរម្យបំផុត ប្រយោជន៍ក៏ច្រើនឆ្ងាញ់ក៏ឆ្ងាញ់ ក្រៅពីញ៉ាំស្រស់ៗហើយនោះ យើងអាចយកទៅច្នៃជានំ និងបង្អែមជាច្រើនប្រភេទបានទៀត មិនថាជាចេកចៀន ចេកបុក ចេកបន្តក់ ចេកឆឹង ចេកខ្ទិះ ឬអន្សមចេកនោះទេ។ ដោយហេតុថាវាមានច្រើនជម្រើសបែបនេះ យើងខ្ញុំ សូមបង្ហាញជូននូវ វិធីធ្វើនំចេកបុកដ៏ឆ្ងាញ់ពិសាដូចខាងក្រោមនេះ ៖
+ គ្រឿងផ្សំ
- ចេកណាំវ៉ាទុំ មួយស្និត
- ម្សៅអង្ករ កន្លះគីឡូ
- សាច់ដូង(មិនខ្ចីពេក) មួយចំហៀង
- ទឹកខ្ទិះដូង កន្លះលីត្រ
- ស្ករស 250ក្រាម(អាចច្រើនជាងនេះប្រសិនបើអ្នកចង់ឱ្យវាផ្អែមខ្លាំង ប៉ុន្តែសូមកុំភ្លេចថាចេក វាផ្អែមរួចហើយ)
- អំបិល បន្តិច
+ វិធីធ្វើ
ច្របល់គ្រឿង ផ្សំទាំងអស់ចូលគ្នា (ដោយត្រូវតប់ចេក ឱ្យម៉ដ្ឋបន្តិចសិន សឹមដាក់ច្របល់ចូលគ្នា)។ ដួសម្សៅ និងចេកដែលលាយចូលគ្នារួចនោះ ទៅដាក់លើស្លឹកចេក រួចខ្ចប់វាឱ្យជិត (បើមិនមានស្លឹកចេកទេ អ្នកអាចដួសវាដាក់ក្នុងកូនចាន ឬពែងក៏បាន) រួចយកវាទៅដាក់ចំហុយប្រមាណជា15-20នាទីជាការស្រេច៕
0 comments:
Post a Comment