យប់ឡើងគេងលក់បាត់មិនដឹងខ្លួន ភ្ញាក់ឡើងក៏ភ្លឺ មិនដឹងទាល់តែសោះថាមានរឿងអ្វីកើតឡើងខ្លះនៅពេលដែលអ្នកកំពុងតែគេងលក់ ប៉ុន្តែអ្វីដែលគួរឱ្យឆ្ងល់នោះគឺ ហេតុអ្វីបានជាមានអារម្មណ៍ដូចជាមិនស្រស់ថ្លាទាល់តែសោះ ភ្ញាក់ឡើងឈឺត្រង់នេះ ពេលខ្លះក៏ឈឺត្រង់នោះ យ៉ាងដូច្នេះ? រឿងដែលអ្នកមិនដឹង មិនមែនមានន័យថាគ្មានអ្វីកើតឡើងនោះទេ ដូច្នេះអ្នកគួរតែរកឱ្យឃើញថា តើមានអ្វីកើតឡើងខ្លះក្នុងអំឡុងពេលដែលអ្នកកំពុងតែគេងនាពេលយប់? ហើយអ្វីខ្លះជាសត្រូវលាក់មុខដែលចាំតែបំផ្លាញដំណេកដ៏ស្កប់ស្កល់របស់អ្នក? ខាងក្រោមនេះគឺជាចម្លើយ ៖
១. បញ្ហាដំណេកទី1 : ស្រមុកដូចគេអារឈើសំឡេងដែលកំពុងតែលាន់ឮយ៉ាងទ្រហឹងដូចគេកំពុងអារឈើ ក្រូក...ៗ ក្នុងពេលដែលអ្នកកំពុងតែគេងលក់នោះ គឺជាការបង្ហាញឱ្យដឹងថាអណ្តាត និងសាច់ដុំបំពង់ករបស់អ្នកកំពុងតែត្បៀតចូលគ្នានាំឱ្យការដកដង្ហើមមានការពិបាក រហូតចេញជាសំឡេងស្រមុកនេះមក។ ការឡើងទម្ងន់របស់អ្នកក៏អាចជាមូលហេតុនាំឱ្យកើតការស្រមុកនេះឡើងមកដែរ។ បើទោះជាអ្នកតែងតែភ្ញាក់ឡើងរាល់ពេលដើម្បីបញ្ឈប់អាការបែបនេះក្តី ប៉ុន្តែវាមិនមែនជាដំណោះស្រាយល្អនោះទេ ព្រោះបើអ្នកភ្ញាក់ញឹកញាប់ពេក វាអាចធ្វើឱ្យអ្នកប្រឈមនឹងការកើតជំងឺបេះដូងបាន។
ជំនួយការ : សាកសួរគ្រូពេទ្យពីវិធីសាស្ត្រផ្សេងៗក្នុងការជួយសម្រាលអាការបែបនេះ ហើយក៏ត្រូវស្វែងរកវិធីសាស្ត្រនៃការគេងដែលជួយកាត់បន្ថយការស្រមុកផងដែរ។
២. បញ្ហាដំណេកទី2 : សង្កៀតធ្មេញតើអ្នកមានអារម្មណ៍ឈឺថ្គាម ឬឈឺក្បាលនៅពេលដែលអ្នកភ្ញាក់ពីដំណេកដែរទេ? បើដូច្នេះមែនវាប្រហែលបណ្តាលមកពីការសង្កៀតធ្មេញដែលអ្នកបានធ្វើពេញមួយយប់ក្នុងពេលដែលអ្នកកំពុងគេងនោះឯង។ អាការបែបនេះអាចបណ្តាលមកពីការធុញថប់ ដែលបង្កើតបានជាការខាំ ឬទំពាខុសប្រក្រតី។
ជំនួយការ : ពេទ្យធ្មេញនឹងជួយដោះស្រាយបញ្ហាមួយនេះឱ្យអ្នក ដោយការឱ្យអ្នកពាក់ស្រោមការពារធ្មេញ។ ប្រសិនបើការសង្កៀតធ្មេញនេះកើតឡើងដោយភាពហត់នឿយ ការគិតច្រើន មិនបានសម្រាកជាដើមនោះ ការព្យាបាលដែលមានភាពសមស្រប និងប្រកបដោយសុវត្ថិភាពជាងគេនោះគឺការស្វែងរកវិធីកម្ចាត់ស្ត្រេស ហើយបើអ្នកធ្វើការហត់នឿយខ្លាំងនោះ អ្នកគួរតែសម្រាកឱ្យបានច្រើនជាងមុន។
៣. បញ្ហាដំណេកទី3 : ការគេងត្រូវបានពន្យារពេល ឬគេងមិនលក់ការដែលអ្នកពន្យារពេលវេលានៃការគេងរហូតដល់យប់ជ្រៅ នឹងធ្វើឱ្យរាងកាយរបស់អ្នកកាន់តែមានភាពនឿយល្វើយ គ្មានថាមពល ហើយរាងកាយក៏កាន់តែមានភាពទ្រុឌទ្រោមឡើងដែរ។
ជំនួយការ : ចាប់ផ្តើមជាមួយនឹងការធ្វើអនាម័យរាងកាយឱ្យបានស្អាត ស្រឡះខ្លួនមុនពេលចូលគេង ដើរចេញពីកែវកាហ្វេ កុំមើលទូរទស្សន៍រហូតជិតដល់ពេលគេងជាដើម គឺជាផ្នែកមួយដែលអាចជួយសម្រួលដល់ការពន្យារពេលវេលានៃដំណេកបានខ្លះៗដែរ។
៤. បញ្ហាដំណេកទី4 : ស្ពឹកស្រពន់ជើងវាអាចកើតឡើងបានគ្រប់ពេល ប្រសិនបើមានការខ្វះខាតនូវប្រការណាមួយ សូម្បីតែកង្វះខាតនៃចំណីអាហារមួយចំនួនក៏អាចបណ្តាលឱ្យមានអាការបែបនេះបានដែរ។
ជំនួយការ : ដុំទឹកកក កញ្ចប់ទឹកក្តៅ ការម៉ាស្សា និងការងូតទឹក គឺជាវិធីព្យាបាលដែលអាចជួយអ្នកបាន។ វិធីផ្សេងគ្នាអាចមានប្រសិទ្ធភាពចំពោះមនុស្សផ្សេងគ្នា។ សូមសាកសួរបន្ថែមពីការព្យាបាលជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យបានដឹងច្បាស់ និងមានប្រសិទ្ធភាពខ្ពស់។
៥. បញ្ហាដំណេកទី5 : គេងមមើការដើរ ការនិយាយ ឬការធ្វើសកម្មភាពប្លែកៗដោយមិនដឹងខ្លួន ហៅថាមមើ ហើយការមមើនេះក៏ជាសត្រូវលាក់មុខមួយទៀតដែលចាំបំផ្លាញដំណេក និងសុខភាពរបស់អ្នកផងដែរ។សូមប្រយ័ត្នចំពោះបញ្ហាមួយនេះ ព្រោះវាអាចបណ្តាលឱ្យកើតមានបញ្ហា ឬគ្រោះថ្នាក់ផ្សេងៗបាន ព្រោះរាល់ទង្វើទាំងឡាយដែលកើតឡើងអំឡុងពេលមមើនេះ គឺកើតឡើងទាំងដែលអ្នកមិនដឹងខ្លួននោះទេ ដូច្នេះគឺពិបាកគ្រប់គ្រងណាស់។
ជំនួយការ : សុំជំនួយពីអ្នកដែលគេងក្បែរអ្នក(ឱ្យគេដាស់អ្នកឱ្យភ្ញាក់ពេលបានឃើញ ឬបានឮអ្នកមមើនិយាយម្នាក់ឯង) ទុករបស់គ្រោះថ្នាក់ឱ្យឆ្ងាយពីដៃរបស់អ្នក សាកសួរពីរបៀបការពារ ឬកាត់បន្ថយអាការបែបនេះពីអ្នកជំនាញ។
ទាំងអស់នេះគឺសុទ្ធតែជាសត្រូវលាក់មុខដែលចាំតែមកបំផ្លាញដំណេក និងសុខភាពរបស់អ្នកនៅពេលដែលអ្នកមិនដឹងខ្លួន ដូច្នេះសូមកុំបណ្តោយឱ្យវាមកបំផ្លាញអ្នកតទៅទៀត សូមស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
ប្រភពពី៖ Lareine
0 comments:
Post a Comment