ចំណេះដឹងថ្មីៗ

វិធីធ្វើជ្រក់ល្ហុង ញុំាជាមួយសាច់អាំង


ថ្ងៃនេះយើងខ្ញុំសូមបង្ហាញពីរបៀបធ្វើ ជ្រក់ល្ហុងញុំាជាមួយសាច់គោអាំង។ ខាងក្រោមនេះជាគ្រឿងផ្សំ និង វិធីធ្វើ៖

គ្រឿងផ្សំ៖
- ល្ហុងខ្ចី ១ ផ្លែធំ
- ការ៉ុត ២ មើម
- ត្រសក់ ១ ផ្លែ
- ខ្ញី ១ កូនដុំ
- ម្ទេស ៥ គ្រាប់ (ដាក់ក៏បានមិនដាក់ក៏បាន)
- ស្ករស ១ ពែង
- ខ្ទឹមក្រហម ៥ មើម
- អំបិល ២ ស្លាបព្រាបាយ ថែម ១ស្លាបព្រាកាហ្វេ
- ទឹកខ្មេះ រឺទឹកក្រូចឆ្មារ ១/២ ពែង


វិធីធ្វើ៖
- ល្ហុង និង ការ៉ុតលាងអោយស្អាត រួចឈូសវាជាសរសៃៗ បន្ទាប់មកចាក់អំបិល ២ ស្លាបព្រាបាយចូល ច្របាច់វាអោយចេញជាតិជ័រល្ហុង ហើយសាច់ល្ហុង និង ការ៉ុតទន់ (ប្រើរយៈពេលប្រមាណជា ៣នាទី) លាងទឹកចេញ ទុកមួយអោយស្រស់ទឹកមួយឡែកសិន។
- ត្រសក់លាងទឹកអោយស្អាត រួចចិតសំបក (តែកុំអោយអស់ពេក) បន្ទាប់មកហាន់ជាបីកង់ ហើយពុះជាពីរ ហាន់ជ្រុងៗកុំអោយតូចពេក រឺធំពេក
- យកខ្ទឹមក្រហម និង ខ្ញីហាន់ជាបន្ទះតូចល្មម (បើអ្នកចូលចិត្តហឺរបន្ថែមម្ទេស ហើយហាន់វាស្តើងៗ) លាយចូលគ្នា រួចចាក់ទឹកក្រូចឆ្មារ រឺទឹកខ្ទេះចូល បន្ថែមស្ករស និង អំបិលមួយស្លាបព្រាកាហ្វេចូល កូរបញ្ជូលគ្នាអោយសព្វ ចាក់ចូលកន្ធន់ធំមួយ ទើបចាក់ត្រសក់ដែលចិតរួចច្របល់ចូលគ្នា។
- ក្រឡេកទៅមើលល្ហុងដែលយើងច្របាច់អំបិលរួចថាតើវាស្រស់ទឹកហើយរឺនៅ បើស្រស់ទឹកអស់ហើយ យកវាមកច្របល់ជាមួយនឹងទឹកជ្រក់ និង​ត្រសក់ដែលយើងលាយរួចជាស្រេច។ ច្របល់វាអោយទាល់តែចូលជាតិសព្វ ភ្លក្សមើលអោយត្រូវមាត់អ្នក រួចដាក់វាចូលទៅក្នុងក្រឡកែវធំមួយ ទុកចោលមួយយប់សិន ដើម្បីអោយវាចូលជាតិ ស្អែកឡើងចាំដាក់ក្នុងទូរទឹកកកជាការស្រេច។ ថ្ងៃទំនេរជួបជុំក្រុមគ្រួសារ រឺមិត្តភក្តិយកវាចេញមកញុំាជាមួយនឹងសាច់អាំង ពិតជាឆ្ងាញ់ខ្លាំងណាស់។ តោះកុំភ្លេចសាកល្បងធ្វើណា ថ្ងៃឈប់សំរាកជិតមកដល់ហើយ៕

0 comments:

Post a Comment

Powered by Blogger.