នៅគ្រប់ទីកន្លែង ម្ចាស់អាជីវកម្មគ្រប់រូបតែងមានក្តីស្រមៃខ្ពស់ថា ដំណើរការអាជីវកម្មរបស់ខ្លួននឹងទទួលបានជោគជ័យ ដូច្នេះបទពិសោធន៍៧យ៉ាងអាចជួយអភិវឌ្ឍដល់ដំណើរការបង្កើតអាជីវកម្មរបស់លោកអ្នកប្រកបដោយជោគជ័យ ។
១-ត្រូវយល់ដឹងពីឥទ្ធិពលនៃបណ្តាញខាងក្នុង(លំដាប់បុគ្គលិក) និងថ្នាក់ដឹកនាំត្រូវមានសិល្បៈភាពជាអ្នកដឹកនាំ ៖ ថ្នាក់ដឹកនាំត្រូវឆ្លៀតពេលដើម្បីស្គាល់ និងបង្កើតនូវទំនាក់ទំនងចំពោះបុគ្គលិក និងមនុស្សគ្រប់រូប ដូចជាអ្នកណាដែលអាចផ្តល់ប្រឹក្សាដល់យើងជាដើម ។ ការស្គាល់បណ្តាញខាងក្នុង គឺសំដៅដល់ការចាត់តំណែង ការរៀបចំចំនួនបុគ្គលិកបំពេញការងារតាមបណ្តាញខាងក្នុងចាប់ពី៥នាក់ទៅ៧នាក់ គឺឱ្យពួកគាត់ធ្វើការតាមផ្នែក និងមើលការខុសត្រូវតាមផ្នែកនីមួយៗ ពេលនោះ អ្នកនឹងមានបុគ្គលិក ឬសហការីឆ្នើមធ្វើការឱ្យអ្នកជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន ។
២-អតិថិជនជាចំណុចកណ្តាល ៖ មុខជំនួញដែលជោគជ័យ ត្រូវតែមានភាពជឿជាក់លើអតិថិជន ពោលគឺយើងត្រូវទទួលយោបល់ពីអតិថិជន ។ ត្រូវឱ្យអតិថិជនស្គាល់ យល់ដឹងពីយើងឱ្យបានច្បាស់លាស់ ។ ការយល់ដឹងរបស់អតិថិជនដែលផ្តល់មកឱ្យយើង គឺជាថាមពលដែលជួយយើងឱ្យបានជោគជ័យ ប៉ុន្តែត្រូវសម្លឹងមើលពីមុខជំនួញ និងចំណូលរបស់យើងផង ។
៣-អ្នកជំនួញដែលជោគជ័យត្រូវតែដឹងពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង ៖ ត្រូវចេះបង្ហាញភាពស្មោះត្រង់ ចំណុចខ្លាំង ចំណុចខ្សោយទៅកាន់ខ្លួនឯង និងបុគ្គលិក សហការី ព្រមទាំងគោលការណ៍មុខជំនួញដើម្បីធ្វើឱ្យមានភាពប្រសើរឡើង។ មិនគួរចំណាយពេលរស់នៅជាមួយភាពខ្សោយទាំងនោះឡើយ ។ ត្រូវរិះរកវិធីអភិវឌ្ឍភាពខ្លាំងផ្ទាល់ខ្លួន និងត្រូវព្យាយាមសម្លឹងមើលភាពខ្លាំងរបស់ខ្លួនបន្ថែមទៀតទៅលើមុខជំនួញដែលយើងរៀបចំ ។
៤-ភាពទន់ភ្លន់របស់ថ្នាក់ដឹកនាំ ៖ ភាពទន់ភ្លន់ជាកម្លាំងមួយដែលអាចផ្លាស់ប្តូរស្ថានភាពច្រើនយ៉ាងបាន ដូចជាការដឹកនាំ ការប្រើប្រាស់បុគ្គលិក សហការី ជាពិសេសភាពទន់ភ្លន់ធ្វើឱ្យអតិថិជនស្រឡាញ់យើង ។ ត្រូវយល់ថា ពិភពនៃមុខជំនួញពោរពេញដោយភាពភ្លឺស្វាង និងភាពងងឹតសូន្យ ។ ដូច្នេះប្រសិនបើយើងមានភាពទន់ភ្លន់ យើងអាចស្រូបទាញយោបល់ពីអ្នកនៅជុំវិញខ្លួនយើងបានទាំងអស់ និងធ្វើឱ្យយើងមានទំនួលខុសត្រូវ និងអាចលុបបំបាត់ភាពភ័យខ្លាចរបស់យើងបាន ។
៥-ត្រូវចេះសម្លឹងមើលឱកាស ៖ បញ្ហាវាជាផ្នែកមួយនៃមុខជំនួញ ទាំងបុគ្គលិក ឬអតិថិជន។ ដើម្បីទទួលបានជោគជ័យត្រូវចេះសម្លឹងមើលផ្នែកទាំងពីរឱ្យបានហ្មត់ចត់ ហើយត្រូវគិតថា ការពង្រីកទីផ្សារ ឬការចាប់ផ្តើមថ្មីដល់ពេលវេលាហើយឬនៅ ? បើដល់ពេលចាប់ផ្តើមហើយ ត្រូវរៀបផែនការបង្វឹកបុគ្គលិក ឬសហការីជាបន្ទាន់ដើម្បីឱ្យយល់ពីជំហានដែលយើងត្រូវបោះទៅមុខ និងឱ្យស្របតាមឱកាសដែលយើងកំពុងតែចង់បាន ។
៦-ស្វែងរកវិធីផលិតឱ្យបានប្រសើរ ៖ ផលិតភាពជាមូលដ្ឋានមួយនៃភាពជោគជ័យលើមុខជំនួញ ។ រូបមន្តដែលធ្វើឱ្យមុខជំនួញរបស់យើងប្រសើរឡើង គឺផលិតផលប្រកបដោយគុណភាព និងការទាក់ទាញទើបធ្វើឱ្យយើងមានឱកាសដើម្បីទទួលបានចំណូលពីការលក់ ហើយវាអាចជួយជម្រុញឱ្យក្រុមហ៊ុនមានដំណើរការទៅមុខល្អ ។
៧-ការគ្រប់គ្រងតុល្យភាពប្រាក់បៀវត្សបុគ្គលិក ៖ មុខជំនួញដែលមានការគ្រប់គ្រងល្អ គឺត្រូវមានតុល្យភាពនៃជីវភាពរបស់បុគ្គលិកផងដែរ ពោលគឺប្រាក់បៀវត្ស និងពេលវេលា។ ត្រូវមានពេលវេលាច្បាស់លាស់សម្រាប់ឈប់សម្រាក បូករួមទាំងប្រាក់កិច្ចការថែមម៉ោង និងត្រូវមានកម្មវិធីជប់លៀងសម្រាប់បុគ្គលិកទៀតផង ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment