កីឡាសុខភាព

តើ​កីឡាករ​ប្រាក់ មុន្នីឧត្តម ជា​នរណា?

ថ្មីៗ​នេះ​មហាជន​ជាច្រើន​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​វិស័យ​បាត់ទាត់​នៅ​ស្រុក​ខ្មែរ​។ ចាប់​អារម្មណ៍​ខ្លាំង ក៏​ដោយសារ​កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​ច្រើន​ជាង​មុន​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ទាំង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ឈុត​ក្រោម​អាយុ​ ២៣ ​ឆ្នាំ​​។

ក្នុង​ចំណោម​កីឡាករ​ឆ្នើមៗ​ទាំងអស់​នោះ​ខ្សែបម្រើ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ដែល​លេង​ឲ្យ​ទាំង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ​ឆ្នាំ និង​ក្រុម​ធំ​កំពុង​ស្ថិត​នៅក្នុង​ចំណាប់​អារម្មណ៍​របស់​មហាជន​ទូទៅ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្នុង​តំបន់​។

ជាក់ស្តែង ប្រាក់ មុន្នីឧត្តម ស្ថិត​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ទាំង​បួន (Best Young Player) ប្រចាំ​យុទ្ធនាការ​ស៊ីហ្គេម​លើក​ទី​ ២៨ ដែល​​ទើប​តែ​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​​។ នេះ​បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ​ Football Channel Asia នៅលើ​បណ្តាញ​សង្គម Facebook របស់​ខ្លួន​។

កីឡាករ​វ័យក្មេង​ហើយ​ឆ្នើម​ទាំង​បួន​នៅ​ស៊ីហ្គេម​លើក​ទី​ ២៨ មាន​ ប្រាក់ មុន្នីឧត្តម ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​កម្ពុជា កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​ថៃ Chanathip Songkrasin វ័យ​ ២១ ​ឆ្នាំ ខ្សែ​បម្រើ​វ័យ​ ១៨ ​ឆ្នាំ​របស់​មីយ៉ាន់ម៉ា Sithu Aung និង​ខ្សែ​ការពារ​វ័យ​ ២០ ​ឆ្នាំ របស់​ថៃ Narubadin WeeraWatnodom​។

ប្រាក់ មុន្នីឧត្តម វ័យ ២១ ​ឆ្នាំ របស់​ក្លិប​ស្វាយរៀង​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ៣ ​គ្រាប់​អំឡុង​យុទ្ធនាការ​នោះ បើ​ទោះ​បី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ២៣ ​ឆ្នាំ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល បន្ទាប់ពី​ឈ្នះ​ ១ ​លើក ស្មើ​ ១ ​លើក និង​ចាញ់​ ២ ​លើក​។

កីឡាករ​ ប្រាក់ មុន្នីឧត្តម កើត​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ​ហើយ​ម្តាយ​ជា​ស្ត្រី​មេផ្ទះ​។ ឧត្តម ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែល​មាន​ប្អួនៗ​ចំនួន​ពីរ​នាក់​ទៀត​។ ក្នុង​នោះ​ប្អូនប្រុស​របស់​លោក​ម្នាក់​ក៏​ជា​កីឡាករ​បាល់ទាត់​ផង​ដែរ​។

អង្គុយ​នៅលើ​កៅអី​នៅលើ​ទីលាន​បាល់ទាត់​ដែល​ជា​កន្លែង​ហាត់​សម​របស់​ក្រុម​ស្វាយរៀង​ដែល​ជា​ក្រុម​របស់​លោក ឧត្តម​ដែល​មាន​សក់​រួញ​អង្គា​ដី​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចូល​ហាត់​បាល់​តាំងពី​ខ្លួន​មាន​អាយុ​ ១៣ ​ឆ្នាំ ហើយ​ក៏​ជាប់​ជា​ជម្រើស​ជាតិ​ U13 ​នៅពេល​នោះ​ផង​ដែរ​។



និយាយ​ដោយ​សំឡេង​ថ្នម​មួយៗ​តែ​ច្បាស់ៗ ឧត្តម​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​ជ្រើសរើស​យក​កីឡា​បាល់ទាត់​ជា​អាជីព​ថា​៖ «​តាំងពី​តូច​មក តាំងពី​អាយុ​ ៦-៧ ​ឆ្នាំ ខ្ញុំ​ចូលចិត្ត​លេង​បាល់​ណាស់​។ ពេល​អាយុ​ ១៣ ​ឆ្នាំ នៅពេល​ដែល​​បាន​ចូល​ក្រុម​​ជម្រើស​ជាតិ ចូល​ហាត់​ជាមួយ​គេ ធ្វើឲ្យ​ខ្ញុំ​កាន់តែ​ស្រឡាញ់ ហើយ​ចង់​ជួយ និង​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​បាន​ជួយ​ប្រទេស​ជាតិ​​»​។

ឧត្តម បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​ ១២ ហើយ​បាន​ចូល​រៀន​សាកលវិទ្យាល័យ​មួយ​បាន​មួយ​រយៈ។ ប៉ុន្តែ​ដោយសារ​តែ​ជាប់​រវល់​ខ្លាំង​ក្នុង​ការ​ហាត់​ទើប​ឧត្តម​បាន​សម្រេច​ចិត្ត​ព្យួរ​ការ​សិក្សា​មួយ​រយៈ​។

នៅពេល​ដែល​និយាយ​ដល់​បញ្ហា​នៃ​ការ​ហ្វឹកហាត់ ឧត្តម បាន​ប្រាប់​ថា ពេល​ដែល​លេង​ជា​ក្រុម​ត្រូវការ​ពេល​ដើម្បី​ស្វែងយល់​ចិត្ត​គ្នា ហើយ​ការ​លេង​ជា​ក្រុម​ដែល​ចុះ​សម្រុង​គ្នា​ល្អ​នេះ​ហើយ​ដែល​នាំ​មក​នូវ​ភាព​ជោគជ័យ​ដល់​ក្រុម​ទាំង​មូល​។

និយាយ​បណ្តើរ​ដៃ​ជូត​ញើស​ថ្ងាស​បណ្តើរ ឧត្តម បាន​ពោល​ថា ខ្លួន​ធ្លាប់​ជួប​​គ្រោះថ្នាក់​របួស​ខ្លាំង​ម្តង​នៅពេល​ប្រកួត​ពាន​រង្វាន់ Cambodia League នៅ​ឆ្នាំ​ ២០១៣ ​។ នៅពេល​នោះ​លោក​បាន​​របួស​ប្រេះ​ឆ្អឹងស្មង​ជើង​ដែល​ត្រូវ​សម្រាក​ព្យាបាល​ចំនួន​ពីរ​ខែ​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ឧត្តម​មិន​បោះបង់​ការងារ​របស់​ខ្លួន​ឡើយ​។

ឧត្តម បាន​បន្ត​ថា​៖ «​បើ​របួស​ខ្លាំង​លេង​មិន​កើត ខ្ញុំ​មាន​ការ​សោកស្តាយ​ណាស់​ព្រោះ​ថា​កីឡា​បាល់ទាត់​នេះ​ខ្ញុំ​ស្រឡាញ់​មែន​ទែន​។ បើ​របួស​តិចតួច ខ្ញុំ​សួរ​គ្រូពេទ្យ​ថា អាច​លេង​បាន​ឬ​អត់ បើ​អាច​លេង​បាន អ៊ីចឹង​ខ្ញុំ​ខំប្រឹង​ព្យាបាល​ដើម្បី​ឆាប់​បាន​ចូល​ប្រកួត​វិញ​»​។

ចំពោះ​ការ​លេង​វិញ កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​ពេញចិត្ត​លេង​គ្រប់​តួនាទី​ទាំងអស់​ពោល គឺជា​ខ្សែបម្រើ ឬ​ក៏​ខ្សែប្រយុទ្ធ​ក៏​បាន​ស្រេច​តែ​លើ​ការ​ចាត់ចែង​របស់​គ្រូបង្វឹក​។

នៅពេល​ដែល​សួរ​ថា តើ​ឧត្តម​ចូលចិត្ត​យក​​អ្នក​ណា​ធ្វើ​ជា​ដៃគូ​ក្នុង​ពេល​លេង ឧត្តម បាន​បញ្ជាក់​ថា ខ្លួន​ចូលចិត្ត​យក​ដៃគូ​ពី​អ្នក​ដែល​នៅ​ក្លិប​ជាមួយ​គ្នា​ព្រោះ​ខ្លួន​បាន​យល់​ចិត្ត​គ្នា​អស់​ហើយ​។ ចំណែក​ក្រុម​ជម្រើស​ជាតិ​វិញ ឧត្តម ​ចូលចិត្ត​លេង​ជាមួយ គួច សុកុម្ភៈ និង​ធារី ចន្ថាប៊ីន ជាដើម​។

ដោយ​មាន​ការ​លើក​ទឹកចិត្ត​ពី​ឪពុកម្ដាយ​ពី​គ្រូបង្វឹក និង​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន ឧត្តម បាន​ជួយ​ដល់​ក្រុម​ស្វាយរៀង​ឲ្យ​លើក​ពាន «Hun Sen Cup» ចំនួន​ ៣ ​លើក និង ​«Metfone League» ចំនួន​មួយ​លើក​ផង​ដែរ​។ នៅ​ឆ្នាំ​ ២០១៥ ​នេះ ឧត្តម ក៏​បាន​ទទួល​ស្បែកជើង​មាស​ពី ​«Hun Sen Cup» ផង​ដែរ​។

នៅពេល​សួរ​ថា​តើ​នរណា​ជា​តារា​បាល់ទាត់​នៅក្នុង​ដួង​ចិត្ត​របស់​លោក​? លោក​ឆ្លើយ​ថា៖ «​គឺ​កីឡាករ​លេខ​ ៧ ​របស់​ព័រទុយហ្គាល់ រ៉ូណាល់ដូ​»​។ ឧត្តម បាន​បន្ត​ថា​៖ ខ្ញុំ​ចូលចិត្ត​មើល​គាត់​លេង​តាំងពី​ស្ទីល​របស់​គាត់​ហើយ​រៀន​តាម​គាត់​បន្តិចៗ​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»​។

ជា​ចុងក្រោយ ឧត្តម បាន​ថ្លែង​អំណរគុណ​ដល់​មហាជន​ទូទៅ​ដែល​តែងតែ​គាំទ្រ​កីឡាករ​កម្ពុជា។ លោក​ថា​ ​ការ​គាំទ្រ​នេះ​ហើយ​បាន​​លើក​ទឹកចិត្ត​យ៉ាង​​ខ្លាំង​​ដល់​កីឡាករ​ទាំងអស់​ឲ្យ​ប្រឹងប្រែង​បន្ថែម​ទៀត​។

ឧត្តម ក៏​បាន​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​មិនមែន​តែ​បាល់ទាត់​ទេ។ នៅពេល​ដែល​កីឡាករ​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់ ពួកគេ​នឹង​នាំ​មក​នូវ​លទ្ធផល​ដែល​​ល្អ​មក​ជូន​ប្រទេស​ជាតិ​វិញ​ដែរ៕

ប្រភព: postkhmer

1 comments:

  1. Prak Mony Udom is currently a great football star. I know that, too.

    ReplyDelete

Powered by Blogger.