ព័ត៌មានជាតិ

វ៉ា គឹមហុង ​ថា​ផែនទី​សម្រាប់​បោះ​បង្គោល​ព្រំដែន​ខាង​កើត​បោះពុម្ព​នៅ​វៀតណាម

ភ្នំពេញៈ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏កម្រ​មួយ​ស្តីពី​ផែនទី​សម្រាប់​យក​មក​ធ្វើ​ ជា​ត្រីវិស័យ​ក្នុង​ការ​កំណត់​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ដែល​កំពុង​តែ​មាន​វិវាទ​ដែល​មាន​ការ​​ចូលរួម​សួរ​ដេញដោល​ពី​ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​គូស​បញ្ជាក់​ថា​ផែនទី​ដែល ​បាន​ប្រើ​សម្រាប់​កំណត់​ខណ្ឌ​សីមា​ត្រូវ​បាន​បោះពុម្ព​ដោយ​វៀតណាម​។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លើក​បង្ហាញ​ផែនទី​សម្រាប់​បោះ​បង្គោល​ព្រំដែន​ខាង​កើត​កាលពី​ថ្ងៃ​ម្សិលមិញ​ ។ ហេង ជីវ័ន
លោក គឹមហុង បាន​ថ្លែង​ថា​ផែនទី​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​ភាគី​វៀតណាម​ប៉ុន្តែ​លោក​ បាន​សង្កត់​ធ្ងន់​ថា​ផែនទី​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​ផែនទី 1/100.000 ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ១៩៦៤ ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ។ ផែនទី​នេះ​ត្រូវ​បាន​ចម្លង​ពី​អង្គការ​សហប្រជាជាតិ​ហើយ​បាន​យក​ទៅ​បោះពុម្ព​ នៅ​វៀតណាម​ដោយ​បាន​ចំណាយ​ពេល​​មួយ​ខែ​សម្រាប់​​ធ្វើ​ការ​កែសម្រួល​​ផែនទី​ នេះ​។

លោក វ៉ា គឹមហុង ​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ថា​អ្វី​ដែល​យើង​បាន​ស្នើ​សុំ [វៀតណាម] ធ្វើ យើង​បាន​ចែង​នៅក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ ​​ក្នុង​ការ​​កំណត់​ព្រំដែន។ យើង​ត្រូវការ​ផែនទី​ស ដែល​យក​​​​ខ្សែ​បន្ទាត់​ផែនទី​​ 1/100.000 លើ​ផែនទី UTM។​ ផែនទី ដែល​យើង​ស្នើ​វៀតណាម​ឲ្យ​ថត​ចម្លង​គឺជា​ផែនទី​ពណ៌​ស​ដោយ​គ្មាន​ខ្សែ​បន្ទាត់ ​ព្រំដែន​។ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា​យើង​បាន​អនុញ្ញាត​​​ឲ្យ​ប្រតិភូ​យើង ​​​ធ្វើការ​ពេញ​មួយ​ខែ​នៅ​ទីក្រុង​ហាណូយ​»​។

ទោះ​យ៉ាង​ណា​ លោក គឹមហុង ក៏​បាន​​ការពារ​ចំណុច​សំខាន់​​​នៃ​ផែនទី​ដែល​បាន​កែសម្រួល​នៅ​ប្រទេស​វៀតណាម ​ផង​ដែរ ដោយ​អះអាង​ថា​រយៈពេល​ធ្វើការ​កែសម្រួល​មួយ​ខែ​ពេញ​នៅក្នុង​ទីក្រុង​ហាណូយ​ ផ្ទៃ​ផែនទី​ចំនួន ២៤០ ត្រូវ​បាន​បោះពុម្ព​សម្រាប់​កំណត់​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ដើម្បី​ ចុះហត្ថលេខា​ដោយ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទាំង​ពីរ​មុន​ពេល​អនុម័ត​ ប្រើប្រាស់​ផែនទី​ទាំង​នេះ។




រដ្ឋាភិបាល​បង្ហាញ​ផែនទី ដែល​ប្រើ​សម្រាប់​ចរចា​ព្រំដែន​ជាមួយ​វៀតណាម

លោក​ថ្លែង​ថា៖ «[យើង] មិន​យក​ផែនទី​ក្លែងក្លាយ [មក​ប្រើ]​ទេ។…យើង​បាន​យក​ផែនទី​ពួកគេ​​មក​ប្រើ​ព្រោះ​ផែនទី​ដែល​ពួកគេ​បាន​ បោះពុម្ព​គឺជា​ផែនទី​ស ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​យើង ប្រសិន​បើ​វា​ខុស… យើង​ក៏​មិន​ទទួល​យក​ដែរ​»។

លោក​បន្ត​ថា ​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​ត្រូវ​បាន​គូស​នៅលើ​ផែនទី​ដោយ​ក្រុម​ការងារ​មិន​ អាច​លម្អៀង​ទេ ដោយ​លោក​អះអាង​ថា​ក្រុម​ការងារ​កម្ពុជា​​បាន​​ការពារ​គ្រប់​ចំណុច​នៃ​ផែនទី​ ទាំងនេះ។

លោក​បន្ថែម​ថា៖ «អ្វី​ដែល​រដ្ឋធម្មនុញ្ញ​បាន​អនុញ្ញាត​ឲ្យ​ពួក​យើង​​ធ្វើ យើង​បាន​អនុវត្ត​តាម។ នេះ​គឺ​យើង​ត្រូវ​គោរព​ទាំង​ស្រុង។​ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការងារ​នេះ​មិនមែន​គ្មាន​តម្លាភាព​ទេ​វា​ជា​បញ្ហា​ ព្រំដែន​ជា​បញ្ហា​រសើប»។

ប៉ុន្ដែ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចូលរួម​នៅក្នុង​ សន្និសីទ​សារព័ត៌មាន​នោះ​មិន​ឯកភាព​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា គឹមហុង ឡើយ​ដោយ​បាន​អះអាង​ថា​លោក គឹមហុង ប្រើ​ផែនទី​ខុស​ដើម្បី​កំណត់​បង្គោល​ព្រំដែន​ជាមួយ​នឹង​ភាគី​វៀតណាម​ដោយ​បាន ​លើក​ឡើង​ថា ផែនទី​កំណត់​បង្គោល​ព្រំដែន​នៅ​ខេត្ត​កំពត វៀតណាម​បាន​ដាំ​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​​ប្រមាណ​ជាង​ ១ គីឡូម៉ែត្រ។

ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​លោក អ៊ុំ សំអាន បាន​ផ្ទៀងផ្ទាត់​ផែនទី​ដែល​លោក​មាន​ជាមួយ​នឹង​ផែនទី​របស់​លោក វ៉ា គឹមហុង ហើយ​លោក​បញ្ជាក់​ថា ផែនទី​របស់​លោក និង​ផែនទី​របស់​​លោក គឹមហុង គឺ​ខុស​គ្នា។

លោក សំអាន បន្ត​ថា៖ «ខ្ញុំ​បាន​ពិនិត្យ​មើល [ផែនទី​របស់​លោក វ៉ា គឹមហុង] ឃើញ​ថា​ផែនទី​របស់​គាត់​គឺ​គ្មាន​បោះ​ត្រា​ទេ​។ ផែនទី​ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​គឺ​មាន​ត្រា។ ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​ផែន​ទី​របស់​ខ្ញុំ​ជាមួយ​នឹង​គាត់​ឃើញ​ថា​មាន​ការ​ បាត់បង់​ដី​នៅ​ខេត្ត​កំពត តាកែវ និង​ត្បូងឃ្មុំ»។

លោក​បន្ថែម​ថា​យើង​មិន​អាច​ទទួល​យក​ការ​បង្ហាញ​ទាំងអស់​របស់​លោក គឹមហុង ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​បាន​ទេ​ដោយសារ​តែ​ផែនទី​របស់​លោក គឹមហុង បាន​បង្កើត​ឡើង​បន្ទាប់ពី​សន្ធិសញ្ញា​ឆ្នាំ ១៩៨៤ ដែល​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ លោក សំអាន បន្ត​ថា៖ «​យើង​នៅ​តែ​ទាមទារ​ឲ្យ​គាត់​ផ្តល់​ច្បាប់​ចម្លង​នៃ​ផែនទី​របស់​គាត់​មក​ឲ្យ ​យើង​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​តំណាងរាស្រ្ត ដើម្បី​យើង​អាច​ដឹង​ថា​កន្លែង​ណា​បាត់ដី ប៉ុន្តែ​គាត់​នៅ​តែ​មិន​ឲ្យ»។
តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផ្ទៀងផ្ទាត់​ផែនទី​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផ្ទៀងផ្ទាត់​ផែនទី​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

លោក សំអាន និង​លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្ត​ម្នាក់​ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​សួរ​ដេញដោល​ធ្វើឲ្យ​ មាន​ការ​ប្រកែក​គ្នា​តឹង​សរសៃ​ក​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។​

លោក​ខេមរិន្ទ្រ​បាន​ចោទ​សួរ​លោក​ គឹមហុង ថា​តើ​តំបន់​ដែល​វៀតណាម​ចូល​មក​វ៉ៃ​លោក​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រងរបួស​នៅក្នុង​ខេត្ត​ស្វាយរៀង​ខណៈ​ទៅ​​មើល​ ព្រំដែន​កាលពី​សប្តាហ៍​មុន​ជា​ដី​ខ្មែរ ឬ​ជា​ដី​វៀតណាម?​

លោក​ គឹមហុង ​បាន​ឆ្លើយ​ថា៖ «តាម​យើង​ដឹង​នៅ​ទី​នោះ​វៀតណាម​បាន​ធ្វើ​ស្រែ​ចូល​មក​ក្នុង​ដី​យើង​ធ្វើ​យូរ ​ហើយ​»។ ប៉ុន្តែ​តាម​គោលការណ៍​ថ្ងៃ​ ១៧ ​មករា​ឆ្នាំ​ ១៩៩៥ អ្នក​ណា​ធ្វើ​នៅ​កន្លែង​ណា​គឺ​ត្រូវ​ធ្វើ​នៅ​កន្លែង​ហ្នឹង​ដោយ​រក្សា​ ស្ថានភាព​ឲ្យ​នៅ​ដដែល​រហូត​ដល់​មាន​ការ​បោះបង្គោល​ព្រំដែន​ជា​ស្ថាពរ​។

បន្ទាប់ពី​សន្និសីទ​កាសែត​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មិន​ត្រូវ​ បាន​អនុញ្ញាត​ឲ្យ​និយាយ​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ទីស្តីការ​ គណៈរដ្ឋមន្រ្តី​ទេ​។ កង​សន្តិសុខ​បាន​ព្យាយាម​បណ្តេញ​តំណាងរាស្រ្ត និង​អ្នក​សារព័ត៌មាន​ចេញ​។

លោក​ សំអាន ថ្លែង​ថា៖ «នេះ​គឺជា​ការ​បិទ​សិទ្ធិ​របស់​តំណាងរាស្រ្ត​ដោយ​គេ​ហាមឃាត់​តំណាងរាស្រ្ត​ មិន​ឲ្យ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​ដើម្បី​រាយការណ៍​ទៅ​ប្រជាពលរដ្ឋ​។ នេះ​មិនមែន​ជា​អគារ​លោក សុខ អាន [រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី] ទេ​នេះ​គឺជា​អគារ​រដ្ឋ​គេ​មិន​ត្រូវ​ហាម​ឃាត់​យើង​ទេ​»៕


ប្រភព៖  ភ្នំពេញប៉ុស្តិ៍
មាស សុខជា 

0 comments:

Post a Comment

Powered by Blogger.