ម្ចាស់ជំនួញច្រើនមុខ វ័យជាងសាមសិបឆ្នាំរូបនេះប្រាប់VODថាអង្គការដែលលោកគ្រោងបង្កើតឲ្យអ្នកនាងចន ច័ន្ទលក្ខិណា គ្រប់គ្រងនោះ មានឈ្មោះថាអង្គការ«our Community» ឬ«សហគមន៍យើង» ដោយមានលោក និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យប្រចាំនៅទីស្ដីការគណៈរដ្ឋមន្ត្រី គឺជាអ្នកឈរពីក្រោយដោយផ្ទាល់។ លោកបន្តថាអង្គការនេះនឹងចេញរូបរាងនៅអំឡុងចុងឆ្នាំ២០១៥នេះ ដោយគ្រោងនឹងធ្វើប្រតិបត្តិការការងារពេញទំហឹងចាប់ពីដើមឆ្នាំក្រោយតទៅ ដូចជារ៉ៃអង្គាសប្រាក់ ក៏ដូចជារកជំនួយពីគ្រប់ទិសទី ដើម្បីបំពេញក្នុងកិច្ចការមនុស្សធម៌នៅកម្ពុជា។ លោកបន្ថែមថាហេតុផលដែលនាំឲ្យមានការផ្ដើមគំនិតបង្កើតអង្គការនេះ គឺដោយសារតែលោកយល់ថាអ្នកនាងចន ច័ន្ទលក្ខិណា ជាតារាសិល្បៈ និងមានធនធានអ្នកសិល្បៈចាំធ្វើសកម្មភាពស្រាប់ នៅពេលប្រតិបត្តិការលេចចេញរូបរាង។ លោក ហេង ណារ័ត្ន ប្រាប់ថា«Our Community» មិនមែនជាសមាគមន៍ ឬជាស្ថាប័នមូលនិធិមិនផ្លូវការនោះទេ គឺលោកនឹងរត់ច្បាប់ឲ្យក្លាយជាអង្គការតែម្ដង ដោយការចំណាយលើបុគ្គលិកសំខាន់ៗ ការជួលស្នាក់ការ និងការបំពាក់សម្ភារៈ ដើម្បីបង្កើតជាការិយាល័យ ក្នុងពេលមិនទាន់រកជំនួយបាននៅឡើយ គឺលោកជាអ្នកចាត់ចែងទាំងស្រុង។
លោក ហេង ណារ័ត្ន ឲ្យដឹងទៀតថាស្ថាប័ននេះនឹងបំពេញកិច្ចការមនុស្សធម៌សុទ្ធសាធ ដោយតម្រូវឲ្យគៀរគរតារាសិល្បៈច្រៀងរាំទាំងក្នុង និងក្រៅប្រទេស ដើម្បីប្រមូលមូលនិធិ យកមកសម្រេចគោលដៅដូចជាផ្ដល់ឲ្យដល់ក្មេងកំព្រា សង់ជាសាលារៀន ធ្វើអណ្ដូងទឹក និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដោយមានគម្រោងចាប់ដៃជាមួយបណ្ដាអង្គការក្នុង និងក្រៅប្រទេសតូចធំនោះផង។ លោកហេង ណារ័ត្ន និយាយថា «ដំបូងឡើងខ្ញុំចង់បើកជំនួញឲ្យគាត់ទេ ប៉ុន្តែមកពីគាត់ក៏មានសាឡនមួយហើយ ហើយខ្ញុំក៏មានជំនួញច្រើនក្នុងដៃ ខ្លាចជួយគាត់មិនបានដិតដល់ ទើបសម្រេចបើកជាអង្គការឲ្យគាត់តែម្ដងទៅ ដោយសារតែខ្ញុំដឹងថាអាមុំ (ចន ច័ន្ទលក្ខិណា) គាត់ពិតជាធ្វើបាន ម្យ៉ាងមានគេចាំជួយខ្ញុំច្រើនផង ទើបខ្ញុំគិតថាបើបើកអង្គការឲ្យគាត់ ហើយឲ្យគាត់ចេញរ៉ៃអង្គាសប្រាក់អីអញ្ចឹង គឺក្រុមតារាសិល្បៈរបស់គាត់ ពិតជាធ្វើបាន»។
អង្គការដែលគ្រោងកើតឡើងនេះ អ្នកនាង ចន ច័ន្ទលក្ខិណា នឹងធ្វើជាប្រធាន ខណៈតារាសិល្បៈមួយចំនួន ដែលអ្នកនាងពេញចិត្តនឹងក្លាយជាអនុប្រធាន និងក្លាយជាមន្ត្រីគម្រោងតាមលំដាប់លំដោយ។ អ្នកនាងនឹងធ្វើយុទ្ធនាការចេញច្រៀងរ៉ៃអង្គាសប្រាក់ ដោយការទាក់ទង ដើម្បីចេញទៅរ៉ៃអង្គាសប្រាក់នៅក្នុង និងក្រៅប្រទេស គឺលោកហេង ណារ័ត្ន ជាអ្នកទាក់ទង។ មកទល់ពេលនេះ លោកថារចនាសម្ព័ន្ធអង្គការត្រូវបានចាត់ចែងជាបណ្ដើរៗខ្លះហើយ ដោយគ្រាន់តែមិនទាន់ប្រកាសផ្លូវការ ដោយសាររង់ចាំការរត់ច្បាប់ និងចាំឲ្យមានស្នាក់ការត្រឹមត្រូវជាមុនសិនប៉ុណ្ណោះ។ លោកបន្តថាក្នុងនោះស្ថាបនិករបស់អង្គការ ក៏បានចូលរួមបង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់ប្រើប្រាស់ និងបានជួបគ្នាបើកកិច្ចប្រជុំច្រើនលើកច្រើនសារផងដែរ ដើម្បីឲ្យមានឯកភាពជារួម។
បុរសដែលអះអាងថានឹងធ្វើឲ្យអ្នកនាងចន ច័ន្ទលក្ខិណា មានកិត្តិយសក្នុងសង្គមជាន់ខ្ពស់មុននឹងសម្រេចរៀបការបើកចំហររូបនេះនិយាយ «ការពិតអង្គការហ្នឹង គឺនៅចាំតែធ្វើបទបញ្ញតិ្តរួចរាល់ និងរត់ច្បាប់ប៉ុណ្ណោះ ហើយនៅមុនចូលឆ្នាំខ្មែរនៅឆ្នាំក្រោយខាងមុខនេះ ខ្ញុំរៀបចំឲ្យតារាមួយចំនួនចេញច្រៀងក្រៅប្រទេសទៅរ៉ៃអង្គាសប្រាក់លើកដំបូង ដើម្បីបានទុនមកបំពេញកិច្ចការសង្គម ដែលស្ថាប័នរបស់យើងនឹងផ្ដោតលើ បន្ទាប់ពីនោះមក ខ្ញុំនឹងឲ្យអាមុំរៀបចំចាត់ចែងកិច្ចការខ្លួនឯង តែខ្ញុំ និងមិត្តភ័ក្រ្តអត់ប្រលែងចោលទេ គឺចាំជួយរហូតទាល់តែគាត់រឹងដៃរឹងជើង!»។លោកហេង ណារ័ត្ន ហៅហេង ឡុង ដែលត្រូវគេប្រដូចស្មើនឹងឧកញ៉ាវ័យក្មេង ប្រាប់ថា«Our Community» នឹងមានតារាសិល្បៈចាស់ក្មេងល្បីឈ្មោះជាច្រើន ធ្វើជាសមាជិកស្ថាបនិក ទើបធ្វើឲ្យលោកមានជំនឿយ៉ាងខ្លាំង ក្នុងសកម្មភាពរ៉ៃអង្គាសប្រាក់ ដើម្បីបំពេញនូវតម្រូវការសប្បុរសធម៌។ លោកនិយាយថាដោយសារតែហេតុផល គ្រោងរំលេចអង្គការឲ្យចេញរូបរាងនោះហើយ ទើបអ្នកនាង ចន ច័ន្ទលក្ខិណា កាត់បន្ថយការងារសិល្បៈជាច្រើន ជាពិសេសការសម្ដែង ដែលច្រើនធ្វើឲ្យអ្នកនាងឡូកឡំនឹងពាក្យចចាមអារ៉ាមមិនល្អ។ បុរសដែលអះអាងថានឹងរៀបការជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា មិនយូរមិនឆាប់រូបនេះ និយាយថា «រាល់ថ្ងៃហ្នឹង អាមុំនៅតែពិធីការិនី និងការងារដើរម៉ូដធំៗទេ ព្រោះគាត់ត្រូវមើលខុសត្រូវហាងសាឡនគាត់ផង និងត្រូវរៀបចំគម្រោងបើកអង្គការជាមួយខ្ញុំនឹងផង អ្វីដែលខ្ញុំធ្វើឲ្យគាត់នេះ មិនមែនត្រឹមតែអាមុំម្នាក់ទេដែលមានតម្លៃ គឺតារាសិល្បៈភាគច្រើន ដែលខ្ញុំនឹងស្នើឲ្យចូលរួម ក៏នឹងមានកិត្តិយសផងដែរ ដោយសារតែពួកគាត់ ត្រូវក្លាយជាអ្នករួមចំណែករកប្រាក់ មកជួយដល់ក្មេងកំព្រា និងជួយកសាងសង្គមតាមគោលការណ៍របស់អង្គការ ដែលនឹងធ្វើឲ្យពួកគាត់មានតម្លៃ»។
VODមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បាននៅឡើយទេ ប៉ុន្តែយោងតាមការបញ្ជាក់របស់លោក ហេង ណារ័ត្ន អ្នកនាងពេញចិត្តនឹងគម្រោងនេះណាស់ ដោយបានកំពុងត្រៀមខ្លួនធ្វើជាការប្រធានអង្គការ និងបញ្ចេញយុទ្ធនាការគៀរគរតារាសិល្បៈធ្វើសកម្មភាពរកជំនួយ ទាំងក្នុងស្រុកនិងក្រៅស្រុក យ៉ាងយូរនៅអំឡុងដើមឆ្នាំ២០១៦៕
ប្រភព៖ VOD
0 comments:
Post a Comment