គតិបណ្ឌិត

អ្នក​ត្រូវ​​គិត​លើ​​ចំណុច​​ទាំង ៣ នេះ​សិន មុន​​នឹង​​និយាយ​​រឿង​អ្វី​​មួយ !!!



សម្ដីមួយម៉ាត់ៗ​របស់​មនុស្ស គឺ​មាន​តម្លៃ​ណាស់ យើង​មិន​អាច​ចេះ​តែ​និយាយៗ​ចោល​ឥត​ប្រយោជន៍​នោះ​ទេ។ ជន​ជាតិ​ចិន​បាន​លើក​ឡើង​ថា "សម្ដី​ដែល​និយាយ​ហួស​ទៅ​ហើយ ទោះ​ជា​សេះ​ចម្បាំង​ទៅ​ដេញ​តាម​ចាប់​មក​វិញ ក៏​ពុំ​បាន​ដែរ"។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា សម្ដី​របស់​យើង​គឺ​សំខាន់​ណាស់ បើ​និយាយ​ហួស​ទៅ​ហើយ គឺ​វា​ហួស​ហើយ យើង​មិន​អាច​ហៅ​វា​ឲ្យ​ត្រឡប់​ក្រោយ ហើយ​​និយាយ​ម្ដង​ទៀត​បាន​ទេ។

មិន​ខុស​អ្វី​អំពី ទឹក​មាត់​ដែល​យើង​ស្ដោះ​ចេញ​ពី​មាត់​យ៉ាង​ដូច្នេះ​ដែរ។ បើ​យើង​ស្ដោះ​វា​ចោល​ហើយ យើង​មិន​អាច​រើស​វា​មក​លេប​វិញ​បាន​ឡើយ។ ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​និយាយ​ស្ដី​បែប​នេះ​ហើយ ទើប​ព្រះពុទ្ធ​ទ្រង់​ប្រាប់​យើង​នូវ​គោល​គំនិត​សំខាន់ៗ​ទាំង ៣ ចំណុច ទាក់​ទង​នឹង​​ការ​និយាយ​ស្ដី​នេះ។

១. និយាយ​ឲ្យ​មាន​ការ​ពិត ៖ ចូរ​និយាយ​អ្វី​ដែល​ជា​ការ​ពិត កុំ​និយាយ​ខុស​ពី​អ្វី​ដែល​យើង​បាន​ឃើញ កុំ​និយាយ​បង្កាច់​បង្ខូច​អ្នក​ដទៃ។ ការ​ប្រកាន់​នូវ​ពាក្យ​ពិត នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​បុគ្គល​ដ៏​មាន​តម្លៃ​នៅ​ក្នុង​សង្គម។ យើង​នឹង​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​​ទទួល​ការ​គោរព​ស្រឡាញ់ ការ​ទទួល​ទុក​ចិត្ត​ពី​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន។

២. និយាយ​អ្វី​ដែល​មាន​​ប្រយោជន៍ ៖ សម្ដី ឬ​ការ​និយាយ​អាច​កើត​ជា​ប្រយោជន៍​ទៅ​បាន គឺ​អាច​ស្រ័យ​ដោយ​សារ​អ្នក​និយាយ។ អ្នក​ទាំង​អស់គ្នា​គប្បី​និយាយ​អ្វី​ដែល​អាច​ជម្រុញ​ដល់​ការ​កើត​ជា​ប្រយោជន៍ ដូច​ជា ​ការ​អប់​រំ​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ, ការ​ចេះ​គោរព​ចំពោះ​ចាស់​ទុំ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ជា​ដើម។ កុំ​និយាយ​ពាក្យ​ឡេះឡោះ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​យើង​ថា​ ជា​មនុស្ស​មិន​ល្អ។

៣. និយាយ​ឲ្យ​ត្រូវ​កាល ត្រូវ​វេលា ៖ ចូរ​ប្រើ​ប្រាស់​ពាក្យ​សម្ដី ឲ្យ​ត្រូវ​នឹង​ពេល​វេលា​ដែល​ត្រូវ​ប្រើ។ អ្នក​មិន​អាច​និយាយ​ពាក្យ​ល្អៗ ពាក្យ​អប់រំ ឬ​ទូន្មាន​ប្រៀប​ប្រដៅ​មនុស្ស​ប្រមឹក​ដែល​កំពុង​កាន់​ដប​ស្រា​នោះ​ទេ ហើយ​រឹត​តែ​មិន​អាច​ទៀត ក្នុង​ការ​និយាយ​ជា​មួយ​មនុស្ស​ដែល​កំពុង​កើត​ទោសៈ​នៅ​ក្នុង​ខ្លួន​ខ្លាំង។ ត្រូវ​ចេះ​យក​សម្ដី​ទាំង​នោះ ទៅ​និយាយ​នៅ​ពេល​ណា​មួយ​ឲ្យ​ត្រូវ​​តាម​ការ​គួរ៕

0 comments:

Post a Comment

Powered by Blogger.